ព្រះវិហារ ៖ ពិធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល ឬហៅថា ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ ត្រូវបានពលរដ្ឋអ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងតែប្រារព្វធ្វើឡើងនៅខែមាឃ ជារៀងរាល់ឆ្នាំ មិនដែលអាក់ខាននោះឡើយ ។ អ្នកស្រុកនៅទីនោះគេមានជំនឿថា ការប្រារព្វធ្វើពិធីនេះឡើង នឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលមកក្នុងភូមិបានឡើយ។
យោងតាមការចុះទៅសិក្សា និងអង្កេតរបស់ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានបង្ហាញថា ប្រជាជននៅភូមិបុរាណទាំ២ គឺភូមិកោះកេរ និងភូមិសំបូរនោះ តែងតែមានការ គោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួនជាប់ជានិច្ច ។ ពិធីឡើងអ្នកតា នៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា។ គោលបំណងនៃការប្ររព្វពិធីនេះឡើងមានចំនួន ២ ។ ទី១ គេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើន ពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដោយមានកិច្ចបញ្ជាន់រូប និងក៏ដើម្បីប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកតាផងដែរ ។ ទី២ គេធ្វើឡើង ដើម្បីដេញនូវឧបទ្រពចង្រៃនានា ពីក្នុងសហគមន៍របស់ពួកគេរស់នៅ តាមរយៈកិច្ចមួយ ក្នុងពិធីឡើងអ្នកតានោះ ដែលគេហៅថា កិច្ចដេញរមល់របាល ឬហៅថា “កិច្ចដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ”។
នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ នាពេលខាងមុខនេះ នឹងចងក្រងឯកសារប្រវត្តិនៃការធ្វើពិធីនេះ ដើម្បីផ្សព្វផ្សាយដល់មនុស្សជាតិ បានសិក្សាស្វែងយល់កាន់តែច្បាស់ ពីកេរតំណែលរបស់ដូនតា នៃជំនឿសាសនា បែបអរូបិយរបស់ប្រជាជន នៅភូមិទាំងពីរនេះ។
អាជ្ញាធរជាតិព្រះវិហារ បានចាត់ទុកការថែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីតាំងពីបូរាណនៃពិធីឡើងអ្នកតារបស់អ្នកភូមិសំបូរ និងភូមិកោះកេរ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរនេះ បានជួយលើកស្ទួយវិស័យទេសចរណ៍ នៃជំនឿសាសនាបែបអរូបិយបានមួយផ្នែកផងដែឬ ។ អាជ្ញាធរជាតិព្រះវិហារ នូវបានចាត់ទុកពិធីឡើងអ្នកតានោះទៀត គឺជាអត្តសញ្ញាណមួយ ដែលបន្សល់ទុកតាំងពីដូនតាមក សម្រាប់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាមនុស្សជាតិទូទាំងសកលលោក បានដឹង និងសិក្សាស្វែងយល់ពីវប្បធម៌ ទំនៀបទម្លាប់ ប្រពៃណី សាសនារបស់ដូនតាខ្មែរកាន់តែច្បាស់៕