ខេត្តកំពង់ឆ្នាំង: ផ្ទះពលរដ្ឋមួយខ្នង បានរងការឆេះទាំងស្រុង នៅក្នុងហេតុការណ៍អគ្គិសភ័យមួយបានកើតឡើង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិសភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ព្រឹកមិញនេះ ។ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដែលរងការឆេះខ្ទេចខ្ទីនោះ មានទីតាំងនៅចំណុចលូត្រាច ស្ថិតក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុកទឹកផុស លោកវរសេនីយ៍ឯក ខេម វិបុល បានឲ្យដឹង ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះទាំងស្រុងនោះមានឈ្មោះ អឿន រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឡោ ដាលីន អាយុ ៣៨ឆ្នាំ មានកូន ៤នាក់ នៅក្នុងបន្ទុក ។
លោកអធិការនគរបាលស្រុកទឹកផុសដដែលបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះ បានបណ្ដាលឲ្យរងការខូចខាត ផ្ទះ១ខ្នង ទំហំ ៥ម×៤ម ប្រក់ស័ង្កសី, ជញ្ជាំងក្ដា, ក្រាលក្ដារ, តយ៉ាក៧.ម×២០ម, ឆេះសៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, សបុត្រកំណើតសមាជិកគ្រួសារទាំង៦នាក់, អត្តសញ្ញាណប័ណ្ណ ២នាក់, កាដចាក់វ៉ាក់សាំង៦នាក់.សម្ភារប្រើប្រាស់ក្នុងផ្ទះបាយ និងបន្ទប់ដេកទាំងស្រុកង, ម៉ូទ័ជាងផ្ទះអស់ ១០គ្រឿង, ស្រូវ៥០០គីឡូក្រាម, អង្ករ១បេ និងសំភារ:ផ្សេងៗមួយចំនួនទៀតផងដែរ ។
សេចក្តីរាយការណ៍ពីអាជ្ញាធរមានដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្ដាលមកពីការទុសសេចរន្តអគ្គីសនី ខណ:ដែលម្ចាស់ផ្ទះមិននៅផ្ទះ ។ ក្រោយពេលកើតហេតុភ្លាមៗ គេឃើញកម្លាំនគបាលប៉ុស្តិ៍រដ្ឋបាលក្តុលសែនជ័យ និងកម្លាំងនគរបាលស្រុក រួមនឹងប្រជាពលរដ្ឋផងដែរ បានចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។ មេឃុំក្តុលសែនជ័យបានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ពេលនេះអនុស្សាខាកាកបាទក្រហមស្រុកទឹកផុសបាននាំយកគ្រឿងសម្ភារៈហូបចុកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់នេះផងដែរ ៕