កំពង់ឆ្នាំង : មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចផ្លូវក្រាលគ្រួសក្រហម និងកៅស៊ូចំនួន ៣ម៉ឺន ៦ពាន់ ២០០ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ឆ្នាំ២០២៣នេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួ ចាន់ណា បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា ជំនន់ទឹកភ្លៀងរដូវប្រាំងនៅប៉ុន្មានសប្តាហ៍កន្លងទៅ បានធ្វើឲ្យរងផលប៉ះពាល់ដល់ឃុំចំនួន៩ នៅក្នុងស្រុកសាមគ្គីមានជ័យ ។ ក្នុងនោះឃុំដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមាន ៧ឃុំ គឺឃុំត្បែងខ្ពស់ ឃុំស្វាយជុក, ឃុំពាម, ឃុំឈានឡើង, ឃុំក្រាំងល្វា, ឃុំខ្នាឆ្មារ និងឃុំស្វាយ។
អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ឲ្យដឹងថា ជំនន់ទឹកភ្លៀងរដូវប្រាំងឆ្នាំនេះ បានបណ្តាលឲ្យលិចផ្លូវក្រាលកៅស៊ូប្រវែង ៣ពាន់ ១០០ម៉ែត្រ ខូចជើងទេប្រវែង ២ពាន់ ២០០ម៉ែត្រ, លិចផ្លូវក្រាលក្រួសក្រហមចំនួន ១០ខ្សែ ប្រវែង ៣ម៉ឺន ៣ពាន់ ១០០ម៉ែត្រ ទឹកហូរច្រោះខូចជើងទេអស់ប្រវែង៣ពាន់ ២៤០ម៉ែត្រ, ខូចខាតស្ពានចំនួន ១កន្លែង លូរំដោះទឹកចំនួន ៣កន្លែង និងបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់ដោយសារលង់ទឹកផងដែរ ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ជិន រដ្ឋា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ មករា ២០២៣ ដែរថា ដោយសារស្ថានភាពមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្លាំង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស និងមន្ត្រីអាជ្ញាធរ ត្រូវសហការគ្នាលើកគម្រោងធ្វើការជួសជុលទាំងផ្លូវក្រាលកៅស៊ូនិងផ្លូវក្រាលគ្រោះក្រហម ធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស ដើម្បីបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមកដោយងាយ ៕