កីឡដ្ឋានជាតិរបស់ប្រទេសកាប់វែរ (Cape Verde) គឺជាកីឡដ្ឋានដំបូងបំផុតនៅលើពិភពលោក ដែលនឹងត្រូវប្ដូរឈ្មោះតាមស្តេចកីឡាករបាលទាត់ លោក Pele។ នាយករដ្ឋមន្ត្រីប្រទេស Cape Verde លោក Ulisses Correira e Silva បានថ្លែងថា កី ឡដ្ឋាន Estadio Nacional de Cabo Verde ដែលមានកៅអី ១ម៉ឺន ៥ពាន់ មានទីតាំងនៅខាងក្រៅរដ្ឋធានី Praia នឹងក្លាយជាកីឡដ្ឋាន Pele។
កាប់វែរ គឺជាប្រទេសកោះមួយនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ដែលមានផ្ទៃដីសរុបប្រហែល ៤,០៣៣ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងទ្វីបអាហ្វ្រិក ។ “កាប់វែរ និងប្រេស៊ីល មានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលដើរទន្ទឹមគ្នា ដោយចាត់ទុកថា ពួកគេជាប្រទេសបងប្អូនពីរនាក់ ដែលភ្ជាប់គ្នាដោយភាសា និងអត្តសញ្ញាណស្រដៀងគ្នាខ្លាំង។
យោងតាមសេចក្តីរាយការណ៍របស់ BBC បានឲ្យដឹងថា ការប្រកាសប្តូរឈ្មោះនេះ គឺនៅបន្ទាប់ពីប្រធាន FIFA លោក Gianna Infantino បានស្នើឡើង នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Pele ក្នុងប្រទេសប្រេស៊ីល។ លោកបានថ្លែងថា គ្រប់ប្រទេសទាំងអស់គួរតែដាក់ឈ្មោះកីឡដ្ឋានមួយ មានឈ្មោះរបស់វីរបុរសបាល់ទាត់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ក្នុងវ័យ ៨២ឆ្នាំ។
នាយករដ្ឋមន្ត្រី លោក Ulisses Correira e Silva បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា “ជាកិត្តិយស និងការទទួលស្គាល់នេះ ខ្ញុំបង្ហាញចេតនាថា នឹងដាក់ឈ្មោះពហុកីឡដ្ឋានជាតិរបស់យើងជា “កីឡដ្ឋាន Pele” ក្នុងគំនិតផ្ដួចផ្ដើមមួយដែលខ្ញុំជឿថា នឹងធ្វើតាមដោយប្រទេសជាច្រើនជុំវិញពិភពលោក”។
នាយករដ្ឋមន្រ្តី លោក Ulisses Correira e Silva បានថ្លែងបន្តថា៖ Pele គឺតែងតែជាឯកសារយោងនៅក្នុងប្រទេសប្រេស៊ីល នៅក្នុងប្រទេសដែលនិយាយភាសាព័រទុយហ្គាល់ របស់យើង និងនៅក្នុងពិភពលោកទាំងមូល ហើយជាតារាដែលភ្ជាប់ទំនាក់ទំនងជាច្រើនជំនាន់”។
លោក Pele មានសញ្ជាតិប្រេស៊ីល គឺជាវីរបុរសបាល់ទាត់ដ៏ឆ្នើមលើពិភពលោកដែលបានឈ្នះ World Cup ៣លើកច្រើនជាងគេ និងជាអ្នកលេងបានចំនួន ១,៣៦៣ប្រកួត រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១,២៨១គ្រាប់ ក្នុងរយៈពេល ២១ឆ្នាំ កាលនៅជាកីឡាករអាជីព រួមទាំង ៧៧ គ្រាប់ ក្នុង ៩២ប្រកួត សម្រាប់ប្រទេសរបស់លោក ហើយត្រូវបានគេដាក់ឈ្មោះថា FIFA’s Player of the Century ក្នុងឆ្នាំ ២០០០។ លោក Pele ជាកីឡាករបាល់ទាត់ ដែលបានកើតចេញពីត្រកូលក្រីក្រ បានប្រែក្លាយខ្លួនជាអត្តពលិកដ៏អស្ចារ្យ និងល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសមាគមបាល់ទាត់អាហ្វ្រិកខាងត្បូង លោក Danny Jordaan ចាប់តាំងពីពេលនោះមក បានលើកឡើងពីការព្រួយបារម្ភថា នេះអាចបណ្ដាលឲ្យមានបញ្ហាសក្ដានុពល ជាមួយនឹងសិទ្ធិដាក់ឈ្មោះកីឡដ្ឋាន ៕