បន្ទាយមានជ័យ ៖ សម្ថកិច្ចបានសម្រេចបញ្ចប់សកម្មភាពស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំងក្នុងហេតុការណ៍ឆេះកាស៊ីណូ ហ្គេនដាយមិន ទាំងស្រុងហើយ នៅត្រឹមល្ងាចថ្ងៃទី៣០ ធ្នូ ២០២២នេះ ក្រោយប្រើពេលរុករកអស់ ៣៩ម៉ោង ។ គួរបញ្ជាក់ថា អគារកាស៊ីណូដាយមិន ដែលមានកំពស់ច្រើនជាន់ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងនឹងការឆេះ កាលពីវេលាអាធ្រាត្រឈានចូលថ្ងៃទី២៩ ធ្នូ ២០២២ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនសិបនាក់ ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន ២៦នាក់ និងអ្នករបួសចំនួន ៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១ពាន់ ៩នាក់ និងខាងថៃចំនួន ២២១នាក់។
សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន ១៧នាក់, នេប៉ាល់ ម្នាក់, ម៉ាឡេស៊ី ម្នាក់, សង្ស័យចិន ម្នាក់ និងមិនស្គាល់អត្តសញ្ញាណ ៦នាក់ ដោយអ្នកទាំងនោះមិនមែនជាជនជាតិខ្មែរនោះឡើយ។ គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង ៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខ ចំពោះហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះផងដែរ ក្នុងពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវលេខ៣១ និងលេខ៣៣ នាខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះនេះ បានវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចុះពិនិត្យចង្អុលបង្ហាញក្នុងការដោះស្រាយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងក្នុងអគារនេះ។
សេចក្តីរាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ការឆេះនោះ គឺដោយសារទុស្សេខ្សែភ្លើង ហើយបានរីករាលដាលពាសពេញកាន់តែធំទៅៗ មិនអាចគ្រប់គ្រងបាន។ ទីតាំងដែលឆេះនេះ មានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារ ប៉ោយប៉ែត រីសត។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ ៕