ប្រេស៊ិល ៖ វីរបុរសបាល់ទាត់ពិភពលោក លោក Pele បានទទួលមរណភាពហើយ ក្នុងវ័យ ៨២ឆ្នាំ ដោយសាររោគាពាធ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូនេះ ម៉ោងនៅក្នុងតំបន់ ។ លោក Pele មានសញ្ជាតិប្រេស៊ីល គឺជាវីរបុរសបាល់ទាត់ដ៏ឆ្នើមលើពិភពលោកដែលបានឈ្នះ World Cup ៣លើកច្រើនជាងគេ និងជាអ្នកលេងបានចំនួន ១,៣៦៣ប្រកួត រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១,២៨១គ្រាប់ ក្នុងរយៈពេល ២១ឆ្នាំ កាលនៅជាកីឡាករអាជីព។ លោក Pele ជាកីឡាករបាល់សញ្ជាតិប្រេស៊ីល ដែលបានកើតចេញពីត្រកូលក្រីក្រ បានប្រែក្លាយខ្លួនជាអត្តពលិកដ៏អស្ចារ្យ និងល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។
យោងតាម BBC ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក Pele មុនការទទួលមរណភាពនេះលោក Pele បានជួបបញ្ហាជំងឺមហារីក និងបានព្យាយាមសម្រាកព្យាបាលជាច្រើនឆ្នាំមកហើយ ។ លោកត្រូវបានធ្វើទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់លោក កាលពីខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo បន្ទាប់ពីដុំសាច់ត្រូវបានរកឃើញ នៅក្នុងការធ្វើតេស្តជាប្រចាំ។ យោងតាមសេចក្តីរាយការណ៍ពីមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo នោះ បានឲ្យដឹងថា លោក Pele បានស្លាប់ដោយសារតែការខូចខាតសរីរាង្គ ដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ ដែលទាក់ទងនឹងស្ថានភាពពីមុនរបស់គាត់ ។ លោកក៏មានបញ្ហាជំងឺតម្រងនោម និងក្រពេញប្រូស្តាតផងដែរ ។
ប្រធានាធិបតីប្រេស៊ីល លោក ចែវ បូលសូណារ៉ូ ដែលចេញពីដំណែងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ។ លោកបានចាត់ទុក្ខលោក Pele គឺជាពលរដ្ឋដ៏អស្ចារ្យ និងជាអ្នកស្នេហាជាតិមួយរូប ដែលបានលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសប្រេស៊ីល នៅគ្រប់ទីកន្លែងដែលគាត់បានទៅ ។
លោកបានលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៩២ប្រកួតរកបាន ៧៧គ្រាប់ ក្នុងខណៈប្រវត្តិនៃការឈានចូលអាជីពបាល់ទាត់លោកបានចាប់ផ្តើមដំបូងនៅក្លិប Santos និងក្លិប New York Cosmos និងលេងជាមួយជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ១៩៥៧-១៩៧១។
លោក Pele ក៏ជាជាវីរបុរសបាល់ទាត់ម្នាក់ ដែលពានឈ្នះពានរង្វាន់ FIFA World Cup បានចំនួន ៣លើក ច្រើនជាងគេជាមួយជម្រើសជាតិប្រេស៊ីលផងដែរ ។លោក Pele ក៏ត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាករបាល់ទាត់ដ៏ជោគជ័យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយលោកបានសាងស្នាដៃ និងកំណត់ត្រាជាច្រើនជូនប្រទេសនិងក្លឹបដែលលោកប្រកបអាជីព៕