កំពង់ស្ពឺ : អតីតផ្លូវព្រះបាទអង្គឌួង ឬផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសប់ផ្លូវជាតិលេខ៤ ដល់ស្រុកជុំគិរី ខេត្តកំពត បានបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាព សាជាថ្មីឡើងវិញហើយ ដោយគ្រោយចំណាយថវិការ ៦៧ លានដុល្លារអាមេរិក ។ ពិធីបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៤១ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងចូលរួមដោយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) និងក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ពិធីនេះបានប្រារព្វធ្វើឡើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ការស្ដារ និងលើកកម្ពស់កម្រិតគុណភាពជាថ្មីឡើងវិញនេះ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
យោងតាមប្រសាសន៍ថ្លែងរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៤១ ឬអតីតផ្លូវព្រះបាទអង្គឌួង ដែលកំពុងបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាពនេះ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ និងខេត្តកំពត ។ ផ្លូវមួយខ្សែនេះនឹងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣។
គម្រោងស្ដារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ។ គម្រោងនេះ នឹបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោក វ៉ាង វិនធៀន ដែលបានផ្តល់ឥណទានសម្បទាន ដូចមានផ្លូវជាតិលេខ៤១ ដែលកំពុងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពជាដើម ព្រមទាំងជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ស្របតាមសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់កម្ពុជា សម្រាប់ការសាងសង់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានរំលេចឱ្យឃើញពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗដែល បាននិងកំពុងសិក្សា និងគម្រោងមួយចំនួនត្រៀមនឹងបើកការដ្ឋានសាងសង់បន្តទៀតដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនដូចនាពេលបច្ចុប្បន្ននេះ៕