បាត់ដំបង ៖ ស្ទឹងសង្កែ ជាស្ទឹងដ៍សំខាន់មួយហូរកាត់ទីប្រជុំជនក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ។ ស្ទឹងនេះ មានប្រ ភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិន ដែលគេហៅថា ស្រុកលើ ដែលមានស្ទឹង អូរតូចៗ ជាច្រើនហូរចាក់មក ។ ស្ទឹង និងអូរទាំងនោះមានដូចជា៖ អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង និងស្ទឹងកំពង់គល់ជាដើម ។ ស្ទឹងសង្កែ គឺជាស្ទឹងដែលហូរកាត់ទីប្រជុំជននៃក្រុងបាត់ដំបង ដែលជាប្រភពទឹកដ៏មានសារសំខាន់សម្រាប់ប្រើប្រាស់លើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតំបន់នោះតាំងពីយូរយារណាស់មកហើយ រហូតមកទល់បច្ចុប្បន្ននេះ ។ ប្រភពទឹកដ៏សំខាន់នេះត្រូវបានពលរដ្ឋប្រើប្រាស់សំរាប់ស្រោចស្រពដំណាំ ស្រែចំការ និងការចិញ្ចឹមសត្វនោះជាដើម ។ តើស្ទឹងដែលជាប្រភពទឹកដ៏សំខាន់នេះ មានប្រវត្តិបែបណា ?
បើតាមការនិទានតៗគ្នាបានឲ្យដឹងថា កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ ប៉ុន្តែក្រោយមក ពលរដ្ឋនៅតំបន់នោះបាននាំគ្នាទប់ស្ទឹងអូរដំបង ដើម្បីអោយទឹកហូរមកតែមួយផ្លូវតាមស្ទឹងដដែល ដែលហូរកាត់ទីប្រជុំជនបាត់ដំបង ។ ចាស់ទុំមុនៗ បាននិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូចមួយ ដែលមានទទឹងប្រហែល៤ ទៅ៥ម៉ែត្រ ប៉ុណ្ណោះ ហើយនៅត្រង់មុខវត្តសង្កែ មានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង ដែលបានក្លាយជាមធ្យោបាយឲ្យពលរដ្ឋនៅតំបន់នោះអាចដើរលើដើមសង្កែនោះឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងនៃស្ទឹងបាន ទើបបានជាគេហៅដីត្រង់នោះថា «គុម្ភសង្កែៗ» ។ តមកគេបានសាងវត្តមួយឡើង ដែលគេហៅថា វត្តសង្កែ ។ ចំណែកតួស្ទឹងធំសម្រាប់បាត់ដំបង គឺនៅត្រង់ភូមិ អូរដំបង សព្វថ្ងៃនេះ បានជានៅចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់។
ក្នុងឱកាសដែលទប់ស្ទឹងនោះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរវត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា ទើបពេលក្រោយមកគេយកទូកថ្វែធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់ ។ មានចាស់ៗជាច្រើនដែលបានចាំរឿងរ៉ាវបាននិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្រ្តីមានគភ៌ម្នាក់ បូជាវត្ថុសក្កិសិទ្ធិ ដែលថែរក្សាទំនប់នេះផងដែរ។
ត្រង់នេះហៅថា ព្រែកពណ្ណរាយ ដែលមានចាស់ទុំមួយក្រុមទៀត បាននិយាយថា គេបានធ្វើសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធារា ព្រះហស្ថ១ ព្រះពុទ្ធប្រក់នាគ មួយអង្គ និងព្រះនរាយណ៍មួយអង្គ នៅក្បែរទំនប់នោះ ។ តាំងពីថ្ងៃនោះមក ទំនប់ក៍លែងបាក់ ហើយទឹកស្ទឹងក៍ហូរតាមស្ទឹងបាត់ដំបង ឬស្ទឹងសង្កែ រហូតមកបណ្តាលឲ្យស្ទឹងនេះ កាន់តែធំឡើងៗ ។ ស្ទឹងដែលហូរតាមអូរដំបងក៍កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ ចំណែកកន្លែងដែលកាលពីមុនមានទទឹងតែ ៥ម៉ែត្រ បច្ចុប្បន្នបានរីកធំប្រហែលជាង ១០០ម៉ែត្រ ។
ការរៀបរាប់ខាងលើនេះបើតាមឯកសាររបស់ ព្រះគ្រូ សិរីសត្ថា កែវ សាង អនុគណៈ ស្រុកបាត់ដំបង ។ ឯកសារ បានសន្និដ្ធានបានថា ទំនប់នេះ ប្រហែលជាត្រូវបានសាងសង់មុនឆ្នាំ ១៧៩៥ ទៅទៀត៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង