លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ

លំផកជាមួកមានរាងមូលស្រួចឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬកោងទៅក្រោយ។ យោងតាមវចនានុក្រមខ្មែរ លំផក គឺជាប្រដាប់ធ្វើដោយសំពត់ស្មាច់ មានកំពូលស្រួចវែងឆ្លឺម សម្បុរ-ស បិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ ឬមិនបិទ ក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈ ក្នុងកាលដែលមានព្រះរាជពិធីហែធំៗ ឬសម្រាប់ឲ្យកុលបុត្រ ដែលកោរសក់រួចហើយពាក់ហែចេញទៅបួស ហៅថា នាគពាក់លំផក ។ យោងតាមឯកសារ ចំពោះ លំផក ដែលគ្មានបិទក្រដាសថងយន់ត្រង់កណ្តាប់មាត់ទេ គេអាចរមូលក្រណាត់សជាមួយក្រដាស់ក្រាស់ល្មម រាងទន់បន្តិច ហើយបត់រុំលើមួកដែលស្មាច់រួច ជាស្រទាប់ៗ ជាការស្រេច ។ ពាក្យ លំផក នេះឃើញមានក្នុងភាសាខ្មែរ និងភាសាសៀម ប៉ុន្តែមិនដឹងថា មានន័យអ្វីឲ្យប្រាកដនោះទេ ដោយខ្លះសន្និដ្ឋានថា មកពីភាសាអ្នកឈូងសមុទ្រពេក្ស ។ ពេលខ្លះមួកនេះត្រូវបានគេហៅថា មួកឡម មួកបាគូ មកុដក្រណាត់ ឬជដាលំផក ជាដើម ទៅតាមតួនាទី ការប្រើប្រាស់ក្នុងពិធីផ្សេងៗ។ នៅលើគែមជុំវិញតួលំផកមានប្រដាប់ដោយគ្រឿងមាស ឬលោហៈផ្សេងៗ ដើម្បីសំ គាល់ពីឋានៈនៃអ្នកពាក់។ សម័យបុរាណមន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ ក្នុងកាលដែលមានព្រះរាជពិធីធំៗក្នុងព្រះនគរ។ ជាទូទៅ គេសង្កេតឃើញថា ការប្រើប្រាស់លំផក […]