ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី

 ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានពួកបុរាណវិទូ បានអះអាងថា ត្រូវបានព្រះរាជាខ្មែរប្រារព្ធជាបវេណីយ៉ាងហោចណាស់ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី៩ ) មកម្ល៉េះ។ ការអះអាងនេះ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើន និងឯកសារមួយចំនួន ដែលបញ្ជាក់ពីវត្តមាននៃប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ដែលមានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំកន្លងមកហើយ ។ ក្នុងនោះគេបានរកឃើញនៅក្នុងស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរ៉ាម៉ាយណៈ របស់ឥណ្ឌា និងរឿងរាមកេរ្តិ៍ របស់ខ្មែរ ។  នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផលកសិកម្ម។ នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ ។ ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់ គឺបញ្ជាក់ថា ព្រះរាជា ( ឬប្រមុខ និងថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម […]