ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃដែលមានសារៈសំខាន់ និងមានន័យបំផុត សម្រាប់អ្នកបាត់ដំបង ឬអ្នកដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងក្នុងក្របខ័ណ្ឌនៃប្រទេសកម្ពុជាទាំងមូល ។ មានសារៈសំខាន់ព្រោះថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ កាលពី ១១៧ឆ្នាំមុន ជាថ្ងៃចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញាបារាំង-សៀម ទាក់ទងនឹងការកំណត់ព្រំដែន ឬដែលគេស្គាល់ទូទៅថា ជាថ្ងៃដែលសៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប ឲ្យមកខ្មែរ ដែលបារាំងជាអ្នកគ្រប់គ្រងវិញ ក្រោយពីស្ថិតក្រោមរាជការសៀមអស់ជាង១០០ឆ្នាំ។  មុននឹងឈានដល់ការលំអិតពីសន្ធិសញ្ញានេះ យើងសូចរំលឹកអំពីសាវតារទំនាស់បារាំង-សៀម ជាមុនសិនថា ៖ នៅពេលដែលបារាំងដាក់អាណានិគមទៅលើឥណ្ឌូចិន ជាពិសេសមកលើកម្ពុជា បារាំងគឺជាក្តីបារម្ភធំបំផុតរបស់សៀម ហើយដែនដីបាត់ដំបងនេះ គឺជាសមរភូមិក្តៅមួយសម្រាប់ប្រទេសទាំងពីរនេះ។ ការប៉ះទង្គិចគ្នារវាងបារាំង-សៀម បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ ដោយនៅក្នុងថ្ងៃនោះផងដែរ កងនាវាជើងទឹករបស់បារាំងបានវាយយកបានមូលដ្ឋានជើងទឹករបស់សៀមនៅប៉ាកណាម (មាត់ទឹក) ដែលក្បែរនឹងក្រុងបាងកក ហើយបានបង្វែរកាណុងកាំភ្លើងធំរួចជាស្រេចទៅកាន់រាជវាំងនាក្រុងបាងកក។ សៀមបានយល់ព្រមចុះចាញ់បារាំងដោយមិនមានលក្ខខណ្ឌ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣ រដ្ឋាភិបាលបារាំងបានដាក់លក្ខខណ្ឌដល់សៀម ដោយបានចាត់លោក អូហ្គុស ប៉ាវី (August Pavie) ដែលជាអ្នកត្រួតពិនិត្យដែនដីឥណ្ឌូចិនឲ្យបារាំង និងជាកុងស៊ុលរបស់បារាំងប្រចាំនៅក្រុងហ្លួងប្រាបាង ជាអ្នកទូលថ្វាយញត្តិដល់ព្រះបាទរាមាទី៥ ចុល្លាឡុងកន ព្រះចៅក្រុងសៀម។ […]