ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ
សំណង់គេហដ្ឋានរបស់ជនជាតិខ្មែររួមមាន៖ ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង ជាសំណង់ផ្ទះបុរាណ ដែលនៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះកន្តាំង ហាក់មានសំនៀងដូចទៅនឹងភាសាចិន ។ ហេតុអ្វីបានជាពលរដ្ឋខ្មែរហៅផ្ទះប្រភេទនេះថា ផ្ទះកន្តាំង ទៅវិញ? ប្រវត្តិនៃការហៅឈ្មោះផ្ទះខ្មែរថា ជាផ្ទះកន្តាំង គឺដោយសារពាក្យ “កន្តាំង” មានទំនាក់ទំ នងនឹងជនអន្តោប្រវេសន៍ចិនមកពីតំបន់ក្វាងទុង (ហ្រ្វង់ស្វា តាំងទុយរីយ៉េរ៍ ២០០៦)។ ជនជាតិនេះ បានតាំងទីលំនៅក្នុងប្រទេសវៀតណាមមួយរយៈ ក្រោយមកពួកគេបាននាំយកគម្រូផ្ទះនេះចូលមកក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការកែច្នៃខ្លះៗ ដើម្បីតម្រូវទៅតាមអាកាសធាតុក្នុងតំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ជនជាតិខ្មែរ ក៏និយមហៅភូមិទាំងនោះថា ជាភូមិកន្តាំង គឺភូមិដែលកសាងឡើងដោយចិនកន្តាំង ហើយផ្ទះរបស់ជនជាតិចិននោះ ក៏ត្រូវបានគេហៅថា ផ្ទះកន្តាំង ចាប់ពីពេលនោះតរៀងមក។សព្វថ្ងៃផ្ទះកន្តាំងមួយចំនួនធំ ធ្លាប់ជាកម្មសិទ្ធិរបស់ពលរដ្ឋដែលជាប់ខ្សែរស្រលាយចិន (ហៅថាកូនចៅចិន) ដែលបុព្វបុរសរបស់ពួកគេជាជនអន្តោប្រវេសន៍ចូលមករស់នៅស្រុកខ្មែរក្នុងកំឡុងសតវត្សរ៍ទី១៨ និងទី១៩។ ប៉ុន្តែបើយោងតាមអ្នកជំនាញបានអះអាងថា ផ្ទះកន្តាំងនេះ មានប្រវត្តិជាយូរមកហើយនៅលើទឹកដីខ្មែរ ដោយសារមានគំរូនៃផ្ទះកន្តាំងនេះ ឃើញមាននៅលើចំលាក់ផ្សេងៗ ដូចជាតាមថែវប្រសាទបាយ័នជាដើម។ ដូច្នេះហើយ ទើបគេអះអាងថា ផ្ទះកន្តាំងមានអាយុកាលចំណាស់នៅក្នុងប្រទេសកម្ពុជា ។ ផ្ទះកន្តាំង […]