ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ផ្ការាក់ ឬផ្កាស្នេហ៍ ឬផ្កាខ្មោច ត្រូវបានពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបានចាត់ទុកថា ជាផ្កាតំណាងឲ្យភាពអបមង្គល ឬអបលក្ខណ៍ ទៅតាមការយល់ឃើញដែលមិនបានឆ្លងកាត់ការពិចារណារបស់ពួកគេ និងសឹងតែត្រូវបានគេបំភ្លេចចោលលែងយកមកប្រើប្រាស់ទៀតហើយ ។ ផ្ការាក់ ឬ ផ្កាស្នេហ៍ ក្នុងភាសាអង់​គ្លេសបានសរសេរថា Crown Flower ដែលប្រែជាភាសាខ្មែរថា ផ្កាម្កុដ ។ នៅប្រទេសថៃ ផ្ការាក់នេះផងដែរ ត្រូវបានពលរដ្ឋថៃបានហៅថា ផ្កាស្នេហ៍ ឬផ្កាក្រង ឬផ្កាភួង យ៉ាងពិរោះ និងមានអត្ថន័យយ៉ាងល្អ ។ ដើមរាក់ ជាប្រភេទរុក្ខជាតិដែលដើមវាមានកម្ពស់ត្រឹម ២ម៉ែត្រ ទៅ៣ម៉ែត្រ មានសម្បុរពីរពណ៌ គឺពណ៌ស និងពណ៌ស្វាយ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ មានរាងមូលនៅចុងមែក នៅពេលដែលផ្កា​នេះរីក ផ្កានេះមានចេញជា ៥ជ្រុង ជារង្វង់ និងស្រទាប់ខាងក្នុងរបស់វាមានរាងដូចជាមង្កុដដូច្នោះដែរ ។ ស្រទាប់ដែលនៅខាងក្នុងនេះហើយ ដែលគេ​យក​វា​មកក្រងជាកម្រងផ្កា។ ផ្កាស្នេហ៍ គឺជាប្រភេទពូជរុក្ខជាតិដែលគេច្រើនប្រទះឃើញដុះនៅតាមទីកន្លែងទួលស្រឡះ ឬពេលខ្លះ គេក៏ប្រទះឃើញមានដុះនៅតាមដងទន្លេ ស្ទឹងបឹងបួរផងដែរ ។ ពូជផ្កានេះ ជាប្រភេទរក្ខជាតិ ដែលងាយដុះ និងមានភាពធននឹងអាកាសធាតុបំផុត ។ គ្រាប់ផ្កានេះផងដែរ […]