ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីបដិសេធនូវព័ត៌មានតាមបណ្តាញសង្គមដែលផ្សាយថា មានការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា សំរាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអបរំ យុវជន និងកីឡា ការប្រកាសបដិសេធនេះ គឺនៅបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចបានផ្សាយនៅតាមគ្រុបតេឡេក្រាម និងបណ្តាញសង្គមមួយចំនួន ថាមានបែកធ្លាយវិញ្ញាសាប្រវតិ្តវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) សំរាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សំរាប់ឆ្នាំ២០២៣ ។ ក្រសួងអប់រំ បានហៅការការផ្សាយនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីបេក្ខជនដែលត្រៀមប្រឡង និងដំណើរការគ្រប់គ្រងវិញ្ញា សាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ។
ក្នុងសេចក្តីប្រកាសបដិសេធនោះ ក្រសួងអប់រំនូវបានលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នា ៕