ភ្នំពេញ៖ ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោល ដែលមានការអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅទៅថ្ងៃទី២៣ តុលា ២០២៣ នេះ គឺជាកិច្ចប្រជុំដែលផ្តោតលើលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោលចំនួន ៥ រួមមាន៖ មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបានបញ្ចប់ការកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាទាំង ៥នោះ បាន១០០% ហើយ យោងតាមតាមសូចនាករ ៩ ដូចជា ៖
១- កែលម្អត្រឹមរង្វង់ ២០% ទៅ៣០%
២- រៀបចំលំដាប់លំដោយចំណងជើងជំពូក និងមេរៀន ដោយបន្ស៊ីខ្លឹមសារនៃការកែលម្អទៅនឹងកម្មវិធីសិក្សាថ្មីឆ្នាំ២០១៨
៣- កែសម្រួលបច្ចេកសព្ទ អក្ខរាវិរុទ្ធ ឃ្លា ល្បះ រូបមន្ត និមិត្តសញ្ញា
៤- ធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀន
៥- ផ្លាស់ប្តូររូបភាពមួយចំនួន ពីសខ្មៅទៅជាពណ៌ធម្មជាតិ
៦- កែសម្រួលសំណួរ និងលំហាត់ឱ្យសមស្របទៅតាមតេស្ដ PISA
៧- កែសម្រួលមេរៀនពីទម្រង់បែបខ្លឹមសារ (Content) ទៅជាបែបប្បញ្ញត្តិ(Concept)
៨- បញ្ចូលវិធីសាស្ត្របង្រៀន
៩- បញ្ជ្រាបប្រធានបទសំខាន់៤ គឺគោលនយោបាយឈ្នះ ឈ្នះ (គុណតម្លៃថ្ងៃ ៧មករា) ទស្សនៈស្នេហាជាតិ ការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការអប់រំពលរដ្ឋសកល ។
សូមបញ្ជាក់ថា សមាសភាពចូលរួមការពិនិត្យ និងកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម មានដូចជា៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានធានាគុណភាពអប់រំ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ សាកលវិទ្យាល័យភូមិន្ទកសិ កម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អតីតអ្នកនិពន្ធនៃក្រសួងអប់រំ យុវជន និងកីឡា គ្រូបង្រៀនល្អ៕