ភ្នំពេញ ៖ លោក គង់ គាំ និងកូនប្រុសលោក គង់ មុនីកា បានដាក់លិខិត២ ដាច់ដោយឡែកពីគ្នាស្នើសុំចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជម្រាបជូនពីបញ្ហា និងស្តាប់ការណែនាំ។ លិខិតស្នើសុំជួបសម្តេចតេជោហ៊ុនសែននេះ បានធ្វើក្នុងថ្ងៃទី១២ មករា ឆ្នាំ២០២៣ គ្រាដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការស៊ើបអង្កេតលើករណីផ្ទះ និងដីកំពុងរស់នៅរបស់លោក គង់ គាំ ដែលស្ថិតក្នុងការសង្ស័យលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិ។
លិខិតដែលបណ្តាញព័ត៌មានទទួលបាន, លោក គង់ គាំ បានសរសេរថា៖ «សូមសម្តេចអគ្គម ហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនបញ្ហាធំៗទាំងពីរ ជាផលវិបាកដ៏ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។
១៖ បញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល អសន្តិសុខសង្គម ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។
២៖ បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខ្ញុំបាទ និងគ្រួសារកំពុងស្នាក់នៅ។
ចំណែកលិខិតរបស់ លោក គង់ មុនីកា ក៏សរសេរដែរថា៖ «ខ្ញុំបាទ គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងស្តាប់ការណែនាំអំពីបរិយាកាស និងដំណើរនយោបាយជាវិជ្ជមាននៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
សូមបញ្ជាក់ថា លោក គង់ មុនីកា ក្នុងសប្តាហ៍នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមានជុំវិញការសង្ស័យភាពមិនទាន់ស្មោះត្រង់ ក្នុងពេលដែលចាកចេញពីគណបក្សរបស់ខ្លួនហើយ ប៉ុន្តែមានល្បិចកលមិនបានបំរើកិច្ចការដូចអ្វីដូចដែលលោកគង់មុនីកានោះ បានអះអាងបញ្ជាក់ភក្តីភាពនោះឡើយ ៕