បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ចុងក្រោយ មនុស្សស្លាប់ បានកើនដល់ ១៦នាក់ហើយ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់អគ្គិភ័យនៃអគារកាស៊ីណូ នៅខេត្តបន្ទាយមានជ័យ ។ គួបញ្ជាក់ថា នាវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ យប់មិញនេះ មានករណីអគ្គិភ័យបានឆាបឆេះអគារកាស៊ីណូដាយមិន ដែលស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍ពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា បើទោះបីជាអគ្គិភ័យអាចគ្រប់ គ្រងបានទាំងស្រុងហើយមែន ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ ដោយកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះ ដែលបានជាប់គាំងនៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។
យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អគារកាស៊ីណូដាយមិន ដែលបានរងការឆាបឆេះនោះ មានបុគ្គ លិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាននគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕