ករណីធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន YETI AIRLINES នៅប្រទេសនេប៉ាល់កំពុងស្ថិតប្រតិបត្តិការសង្គ្រោះជាបន្ទាន់

នេប៉ាល់ ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន ATR-72 របស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ទៅក្បែរទន្លេ SETI ​ខណៈព្យាយាមចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុង POKHARA ​។ យ៉ាងហោចណាស់មានអ្នកដំណើរប្រមាណ ៣២នាក់បានស្លាប់ ក្នុងចំណោមអ្នកដំណើរចំនួន ៦៨នាក់ និងសហសេវិកចំនួន ៤នាក់ ។   យោងតាមសេចក្តីរាយការណ៍របស់សារព័ត៏មាន​ KATHMANDU POST យន្តហោះមួយគ្រឿងនេះបានធ្វើការហោះហើរចេញពីរដ្ឋធានី KATHMANDU មកកាន់ទីក្រុង POKHARA នាព្រឹកថ្ងៃអាទិត្យទី ១៥ មករា ឆ្នាំ២០២៣ ដោយជាអកុសល យន្តហោះបានធ្លាក់ក្នុងពេលព្យាយាមចូលចុះចតចំពេលដែលមានស្ថានភាពអាកាសធាតុមិនល្អ ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា​ យន្តហោះបានឆាបឆេះនាពេលដែលធ្លាក់នៅលើផ្លូវរត់ ។ ក្រុមជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយទៅកាន់កន្លែងធ្លាក់ និងចល័តពីលើឧទ្ធម្ភាគចក្រហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ។ យ៉ាងណាក៏ដោយ អ្នកស្រុក បុគ្គលិកសន្តិសុខ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះផងដែរ ៕ 

ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភីជាទីក្រុងស្អាតដែលមានដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២

ភ្នំពេញ ៖ ទីក្រុងនៃខេត្តចំនួន៣ត្រូវបានប្រកាសជាប់ជាជ័យលាភីក្នុងចលនាប្រឡងប្រណាំង ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២ Best Countdown City of The Year 2022 ​ដោយទីក្រុងបានជាប់ជ័យលាភីដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន ទី១ ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ទី២ ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទី៣បានទៅលើក្រុងសៀមរាបនៃខេត្តសៀមរាប ។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថាកន្លងមករបៀបវារៈនៃការបោះឆ្នោតគាំទ្រទីក្រុងដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេនេះត្រូវបានប្រកាសជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ  http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។ សូមបញ្ជាក់ថាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រគល់ពានរង្វាន់ ដែលនឹងប្រព្រឹត្តិទៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ ៕​