យុវជនជាកោសិកា និងជាសរសៃឈាមដ៏សំខាន់ក្នុងការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ល្អឥតខ្ចោះក្នុងកំឡុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ កម្ពុជានៅសល់ពេលវេលាប្រហែលជា ៤០ថ្ងៃទៀតនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះក្នងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កំពុងតែមមាញឹកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តក្នុងការត្រៀមខ្លួនដើម្បីទទួលនូវបណ្តាគណប្រតិភូកីឡា កីឡាករ កីឡាការិនី អត្តពលិកមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។ វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៥ និង២៦ ខែមីនា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ២០០០នាក់នាសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបញ្ចប់ដោយជោគជ័យ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព ការងារសង្គម ក៏ដូចជាសុជីវធម៌ សីលធម៌និងការចេះជួយយកអាសារក្នុងនាមយុវជនកម្ពុជាគឺជាអ្នកបន្តវេន និងជាអ្នកតំណាងឲ្យកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះក្រុមគណប្រតិភូកីឡាមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។ អ្នកស្ម័គ្រចិត្តប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្ស ត្រូវផ្តល់ភាពរួសរាយរាក់ទាក់ ស្នាមញញឹម និងភាពកក់ក្តៅជូនដល់ប្រតិភូកីឡាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) បានមានប្រសាសន៍ថា ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្តគឺជាសរសៃឈាមដ៏មានសារសំខាន់ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឲ្យរលូន និងជោគជ័យ ។ ប្រសិនបើអ្នកស្ម័គ្រចិត្តមិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឲ្យបានល្អប្រសើរនោះទេ នោះដំណើរការហ្គេមនឹងរអាក់រអូលមិនល្អប្រសើរឡើយ ។ ដូច្នេះហើយយើងសុំស្នើដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាប្រឹងប្រែងបម្រើប្រតិភូកីឡាឲ្យបានល្អ ដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា ។​ […]