ការស្លាប់របស់អធិការរងនគរបាលក្រុងព្រះវិហារ ត្រូវអាជ្ញាធរក្រុងសន្និដ្ឋានថា ជាករណីបាញ់សម្លាប់ខ្លួនឯង

ព្រះវិហារ ៖ អាជ្ញាធរក្រុងព្រះវិហារបានដាក់ការសន្និដ្ឋានថា ករណីស្លាប់របស់អធិការរងនគរ បាលក្រុង ព្រះវិហារ គឺជាការធ្វើអត្តឃាតដោយការបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងអាកា។ លោកវរសេនីយ៍ ក្រូច ប៊ុនតូរ អធិការរងក្រុងព្រះវិហារ ដែលទទួលបន្ទុកផែនបទល្មើសគ្រឿងញៀនត្រូវគេប្រទះឃើញស្លាប់ដោយមានស្នាមត្រូវចំទ្រូងជាច្រើនគ្រាប់នៅព្រឹកថ្ងៃទី១០ មីនា ។ ក្រុមជំនាញធ្វើកោសល្យវិច័យ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះវិហារ លោក គឹម សំឡេង បានចុះការពិនិត្យនិងស្រាវជ្រាវរកការពិតពាក់ព័ន្ធករណីនេះ ។ សេចក្តី សន្និដ្ឋានពីក្រុមធ្វើកោសល្យវិច័យបាននិយាយលោកអធិការរងនោះបានយកកាំភ្លើងអាកា៤៧ ដោយដាក់ចុងកាណុងចំទ្រូងខ្លួនឯង ហើយយកមេជើងសង្កត់កៃបណ្តាលឱ្យត្រូវនឹងគ្រាប់កាំ ភ្លើង ជាច្រើនគ្រាប់ ។ ដងខ្លួនប្រឡាក់ដោយឈាមរបស់អធិការរងរូបនោះ ត្រូវគេប្រទះឃើញស្លាប់ ដោយបានទ្រោបខ្លួនលើចុងកាណុង ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាការធ្វើអត្តឃាត។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើការបាញ់សម្លាប់ខ្លួនឯងនោះ បានជាប់ពាក់ព័ន្ធនឹង បញ្ហាអ្វីនោះទេ។ អាជ្ញាធរបានថ្លែងថាគេកំពុងធ្វើការស៊ើបអង្កេតស្រាវ ជ្រាវរកការពិតពាក់ព័ន្ធ នឹងមូលហេតុនេះ ៕

សមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចងកសម្លាប់ខ្លួន

កំពង់ឆ្នាំង ៖ សមាជិកនៃក្រុមប្រឹក្សាឃុំតាំងក្រសាំង នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ម្នាក់ ត្រូវគេប្រទះឃើញស្លាប់ដោយមានខ្សែចំណងជាប់នឹងកនៅក្នុងផ្ទះរបស់គាត់ ក្នុងភូមិតាំងក្រសាំង ។ អាជ្ញាធរដាក់ការសន្និដ្ឋានថា លោក ជៀម សារ៉េត អាយុ៧២ឆ្នាំ បានធ្វើអត្តឃាតខ្លួនដោយ សារតែមានវិបត្តិផ្លូវចិត្ត ពាក់ព័ន្ធនឹងករណីជំពាក់លុយគេច្រើនពេក។ សាកសពរបស់គាត់ដែលមានខ្សែនីឡុងពណ៌ក្រហម ចងកជាប់នឹងដែកធ្នឹម ក្នុងតៀមលក់ដូរមុខផ្ទះ ដែលជាកន្លែងគាត់តែងសម្រាកនោះ ត្រូវបានក្រុមគ្រួសារប្រទះឃើញវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១០ មីនា ឆ្នាំ២០២៣ ក្នុងពេលដែលចុះមកបើកតៀមលក់ដូរ ។ អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានថ្លែងថា នៅប៉ុន្មានថ្ងៃ មុនពេលដែលមានហេតុការណ៍នេះ បុរសអាយុ ៧២ឆ្នាំនោះ គាត់បានយកម៉ូតូរបស់កូនទៅលក់ ប៉ុន្តែបានប្រាប់កូនគាត់ថា ម៉ូតូបានបាត់ ។ បុរសចំណាស់នោះ ត្រូវគេនិយាយថា បានដើរខ្ចីលុយពីអ្នកភូមិជាច្រើននាក់ប៉ុន្តែគេមិនឱ្យខ្ចី ដែលករណីនោះ បាននាំឱ្យមានការសន្និដ្ឋានថា គាត់មានវិបត្តិផ្លូវចិត្តដោយ សារជំពាក់លុយគេច្រើនពេក ៕