ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់៣៩៥ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស

ព្រះសីហនុ ៖ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តមានកង្វះខាតអគ្គិសនី បច្ចុប្បន្ននេះ បានក្លាយជាខេត្តមានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់ ៣៩៥មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស។ យោងតាមរបាយការណ៍លម្អិតពី «ភាពជោគជ័យ ៥ឆ្នាំកន្លងមក ខេត្តព្រះសីហនុ» អគ្គិសនីខេត្តព្រះសីហនុ មានប្រភពផ្គត់ផ្គង់សំខាន់ៗចំនួន១២ ព្រមទាំងក្រុមហ៊ុនផលិតថាមពលអគ្គិសនី ដំណើរការដោយឡចំហាយដើរដោយធ្យូងថ្មចំនួន ៣ក្រុមហ៊ុន សម្រាប់ផលិតអគ្គិសនីបញ្ជូនតាមរយៈខ្សែបណ្ដាញជាតិ។ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងឲ្យដឹងថា ប្រភពថាមពលអគ្គិសនីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ។ កាលពី ៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលខ្វះខាតថាមពលអគ្គិសនី ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ននេះ មិនត្រឹមតែមានភាពរីកចម្រើនអាចផលិតថាមពលអគ្គិសនីអាចផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ និងថែមទាំងអាចចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស ៕