រដ្ឋបាលខេត្តកែបកែលម្អសោភណ្ឌភាពឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

កែប ៖ រដ្ឋបាលខេត្តកែបដើម្បីត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសារ​ ទ្រីយ៉ាថ្លុង បាននិងកំពុងរៀបចំកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រី ស ឲ្យបានស្អាត ។ បើតាមអភិបាលក្រុងកែប លោក ខេង យ័ន ការរៀបចំកែលំអនេះផងទៀត ក៏នៅទន្ទឹមនឹងការត្រៀមខ្លួននៃធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យសមុទ្រឆ្នាំ២០២៣ផងដែរ ។ បើតាមការឲ្យដឹងពីលោកអភិបាលក្រុងកែប បានឲ្យដឹងថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រីស ឲ្យបានល្អប្រសើរ ដោយគ្រោងនឹងដកនូវខឿនការ៉ូឡាចាស់ ផ្លាស់មកថ្មក្រានីត ផ្តូលរំលំដើមឈើចាស់ជំនួសមកវិញនូវដើមឈើថ្មីៗ និងមានការសាងសង់នូវរូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ ។ លោកអភិបាលក្រុងកែបបានបញ្ជាក់ទៀតថា កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន បានយកធ្វើជាកម្មសិទ្ធសម្រាប់ប្រកបរបររកទទួលទាន ហើយបានង្កើតនូវផលអវិ ជ្ជមានដល់អ្នកបម្រើសេវាកម្មលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អដល់កេរ្តិ៍ឈ្មោះ    ខេត្ត ។ ក្រោយពេលការកែលម្អឆ្នេរកែបរួច រដ្ឋបាលក្រុងនឹងបង្កើតទីតាំងថ្មីមួយទៀត សម្រាប់ឲ្យពលរដ្ឋដែលជាអាជីវករប្តូរទៅក្រាលកន្ទេល និងលក់ដូរបន្តទៀតនៅទីនោះបាន ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំងលក់ ឬក្រាលកន្ទេលនៅតាមបណ្តោយឆ្នេរដូចមុនទៀតឡើយ ៕