កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ MISS PLANET INTERNATIONAL 2023 នឹងចាប់ផ្តើមនាល្ងាចថ្ងៃនេះហើយ

ភ្នំពេញ ៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញាភពផែនដីអន្តរជាតិ MISS PLANET INTERNATIONAL បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំព្រឹត្តិការណ៍ប្រឡងជ្រើសរើសយកបេក្ខនារីជ័យលាភីក្នុងកម្មវិធី MISS PLANET INTERNATIONAL សម្រាប់ឆ្នាំ ២០២៣ ។​ កម្មវិធី MISS PLANET INTERNATIONAL ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមមួយសំដៅដល់ការលើកទឹកចិត្តដល់ការសង្គ្រោះភពផែនដី និងជីវិតមនុស្សជាតិស្របតាមគោលការណ៍រួមរបស់អង្គការសហប្រជាជាតិ ។ កម្មវិធីនេះមានបេសកកម្ម ក្នុងការបំផុសបំផុលជាគំនិត និងផ្តល់សិទ្ធដល់ស្រ្តីវ័យក្មេងដែលមានក្តីស្រមៃក្នុងការធ្វើជាគំរូល្អសម្រាប់អ្នកដទៃ នៅក្នុងសហគមន៍និង ប្រទេសជាតិរបស់ពួកគេនៅជុំវិញពិភពលោក ដោយនាំមកនូវការផ្លាស់ប្តូរសង្គមដែលនឹងពង្រឹងការបណ្តុះឲ្យមាននូវសេចក្តីស្រឡាញ់សម្រាប់ប្រជាជនទាំងអស់ និងការគោរពចំពោះបរិស្ថាន នៃភពផែនដីផងដែរ ។ សូមបញ្ជាក់ថានេះជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍ពិភពលោក ដែលបានញ៉ាំងឲ្យកម្ពុជាកាន់តែមានការចាប់អារម្មណ៍ និងចង់មកទស្សនា សិក្សា ស្វែងយល់ពីសំណាក់មនុស្សនានានៅទូទាំងសាកលលោក ។ កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ និងចាប់ផ្តើមនាល្ងាចទី ២៩ ខែមករា ឆ្នាំ២០២៣ នាសាលមហាស្រពកោះពេជ្យ ចាប់ពីម៉ោង៦ល្ងាចតទៅ ។ ប្រភព ៖ ហ្វេសប៊ុក MISS PLANET INTERNATIONAL និង missplanetinternational.com