សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាទីតាំងទេសចរណ៍លើទឹកអាចទស្សនាសត្វស្លាបច្រើនប្រភេទនៃបឹងទន្លេសាបដ៏គួអោយទាក់ទាញ នៅខេត្តបាត់ដំបង
បាត់ដំបង ៖ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេ សាប ។ ព្រែកទាល់ គឺជាជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់នេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត ។ សក្តានុពលនៅសហគមន៍រួមមាន ៖ សត្វស្លាបចម្រុះ ទេស ភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោក នោះជាដើម ។ តំបន់ព្រែកទាល់ផងដែរ ក៏មានព្រៃភក់លិចទឹកតាមរដូវដែលមានជីវសាស្ត្រចម្រុះជាច្រើន និងទស្សនីយភាពនៅជុំវិញតំបន់សំខាន់នេះ គឺមានភូមិអ្នកនេសាទមួយចំនួន មានពលរដ្ឋ១,២០០គ្រួសារ រស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹក ដែលផ្លាស់ប្ដូរទៅតាមការឡើង និងស្រកនៃផ្ទៃទឹកបឹង ។ សេវាកម្មនៅសមាគមន៍រួមមាន សេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកនាំភ្ញៀវសេវាដឹកភ្ញៀវតាមទូក សេវាផ្ទះស្នាក់ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ ។ យោងតាមគេហទំព័រ Visitcambodia ព្រែកទាល់ គឺជាកន្លែងមួយ ដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅដ៏គួរឲ្យចង់ទស្សនា ។ […]