រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ប្រកាសរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តរកឃើញ ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់ នៅព្រឹកថ្ងៃទី១២ ឧសភា ២០២៣ នេះ ។ ក្នុងសំណេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច សម្តេចបានសរសេរថា« បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។» ក្នុងសំណេរដដែលសម្តេចក្រឡាហោម នូវបានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លីផងដែរ ។ សម្តេចបានថ្លែងទៀតថា សម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពរបស់សម្តេចតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតដល់សម្តេចបានជាសះស្បើយឡើងវិញផងដែរ​ ៕