រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានស្នើភាគីប៉ាគីស្ថាន បញ្ជូនអ្នកជំនាញភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ និងនេសាទ លោក ឌិត ទីណា ក៏បានស្នើ ដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ ។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៃកម្ពុជា លោក Zaheeruddin Babar Thaheem នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកនូវការធ្វើសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងសកម្ម ពិសេសក្នុងវិស័យកសិកម្ម។ លោករដ្ឋមន្ដ្រីកសិកម្មកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ។ ក្រៅពីប្រធានបទទាំងពីរនេះ លោករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលជីកសិកម្មដែលមានគុណភាព និងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថានមកកាន់ទីផ្សារកម្ពុជា។ ដ្បិតតែការនាំចូលជីពីប៉ាគីស្ថានចូលមកកម្ពុជា អាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នារវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ៕