ស្លាប់មនុស្ស២នាក់ និងរងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់លើផ្លូវ២១ ក្នុងក្រុងតាខ្មៅ

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាបន្តបន្ទាប់គ្នា ដែលកើតឡើងនៅលើផ្លូវ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលារសៀលថ្ងៃសុក្រទី១៣ មករា ឆ្នាំ២០២៣នេះ ។ សេចក្តីរាយការពីសមត្ថកិច្ចបានបញ្ជាក់ថា ដំបូងគឺដោយសារតែរថយន្ត LEXUS RX300 ពាក់ស្លាកលេខភ្នំពេញ 2AW-9418 ដែលកំពុងស្ថិតក្នុង ល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងដឹកពងទា បណ្តាលឱ្យម្ចាស់ម៉ូតូ បានរងរបួសជើង និងពងទាជាច្រើន បានបែកខ្ទេចខ្ទី។ សេចក្តីរាយការណ៍បន្តថា ភ្លាមៗដែលបានបើកបុករួច រថយន្តបង្កហេតុមានបំណងបើករត់គេចខ្លួន ប៉ុន្តែក៏បានជ្រុលទៅបុករថយន្តពណ៌សម៉ាក Highlander មួយគ្រឿងទៀត បណ្តាលឱ្យខូចរថយន្តនោះមួយកំណាត់ខាងក្រោយ។ រថយន្តបង្កដដែលបានខ្ទាតវិលក្បាលចូលមកគន្លងផ្លូវម្ខាងទៀត ប៉ះចំម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង ដោយបណ្តាលឱ្យម្ចាស់ម៉ូតូនោះ បានប៉ើងខ្លួនបោកក្បាលទៅនឹងថ្នល់ បណ្តាល ឱ្យស្លាប់។ ចំណែករថយន្តបង្ក បានបោលផ្ទប់នឹងបង្គោលខ្សែភ្លើង បណ្តាលឱ្យបុរសជាអ្នកបើកបរនោះ ស្លាប់នៅក្នុងរថយន្តភ្លាមៗតែម្តង។ ហេតុការណ៍បុកជាបន្តបន្ទាប់នៅលើផ្លូវ២១ក្នុងក្រុងតា ខ្មៅនេះ បានកើតនៅមុខចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ម្តុំភូមិព្រែកសំរោង ៕